ប្រភព​ចម្លាក់​នា​ងគ​ង្ហី​ញ​ព្រះធរណី



មាន​អ្នកសិក្សា​ស្រាវជ្រាវ​ខាង​បុរាណវិទ្យា​ជាច្រើនរូប ដែល​សិក្សា​អំពី​សិល្បៈ​ខ្មែរ​តែងតែ​សន្និដ្ឋានថា ប្រពៃណី​កសាង​រូប​ព្រះ​នាង​ធរណី ឬ​រំសាយសក់​សព្វថ្ងៃនេះ ដើម្បី​ជាទីគោរព​បូជា គឺ​បាន​បន្តវេន​ពី​សម័យបុរាណ​។ មែន​! សេចក្តីសន្និដ្ឋាន​បែបនេះ​មិន​ខុស​ទេ ព្រោះ​នៅតាម​វត្ត​អារាម​ក្តី និង​តាម​ចម្លាក់​នា​សម័យអង្គរ​ក្តី គេ​រមែងតែ​ឃើញ​វត្តមាន​របស់​ចម្លាក់​ព្រះ​នាង ទោះបីជា​ពួកគេ​មិនបាន​បង្ហាញ​តឹកតាង​ជា​រូបភាព​ពាក់ព័ន្ធ​ពី​អតីតភាព​ក្តី​របស់​ចម្លាក់​ទាំងនោះ​ក៏ដោយ​។​
​    ​យោបល់​ដែល​ទទួលស្គាល់ថា ការគោរព​បូជា​ព្រះ​នាង​គ​ង្ហី​ញ​ធរណី​ខ្មែរ​នា​សម័យ​ទំនើប​នេះ បានកកើតឡើង​តាំងពី​បុរាណកាល គឺជា​ការពិត ហើយ​ទស្សនៈ​នេះ​បាន​ដិត​ជាប់​ក្នុង​មនោសញ្ចេតនា​របស់​យើង ជាពិសេស​នៅពេលដែល​យើង​ទៅកាន់​ទឹកដី​កំណើត​នៃ​វប្បធម៌​ខ្មែរ គឺ​អង្គរបុរី​ម្តង​។​
​    ​ដូច្នេះ ការដែល​យើង​គាំទ្រ​ទស្សនៈ​របស់​អ្នកស្រាវជ្រាវ​ខ្មែរ ដែល​បាន​ចាត់ទុកថា ព្រះ​នា​ងគ​ង្ហី​ញ​ធរណី មាន​ប្រវត្តិ​ដ៏​យូរលង់​នោះ គឺជា​រឿង​ធម្មតា ដោយហេតុថា វា​ជាការ​រំលឹក​នូវ​អតីតកាល​របស់​ប្រពៃណី​ខ្មែរ​ដ៏​បុ​រម​បុរាណ​ខាងលើនេះ​តែប៉ុណ្ណោះ​។​
​    ​ឧទាហរណ៍​ជាក់ស្តែង នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ យើង​បានឃើញ​ខាង​ចម្លាក់​សំរិទ្ធ​មួយ នា​ស​.​វ​ទី ១៦-១៧​នៃ​គ​.​ស តំណាង​ឲ្យ​ព្រះ​នា​ងគ​ង្ហី​ញ​ព្រះធរណី​។ នេះ​បង្ហាញ​ពី​សារសំខាន់​នៃ​តួអង្គ​នេះ ក្នុងចំណោម​តួអង្គ​ដ៏​ច្រើន​ទៀត ដែលមាន​ក្នុង​លទ្ធិ​ព្រះពុទ្ធសាសនា បែប​ថេរវាទ​

ចម្លាក់​ឥដ្ឋ តំណាង​នា​ងគ​ង្ហី​ញ​ព្រះធរណី ស​.​វ​ទី ៤-៦ នៃ​គ​.​ស សារមន្ទីរ​អង្គរបុរី ខេត្តតាកែវ និង ចម្លាក់​ស្ពាន់ស​.​វ​ទី ១៦-១៧ នៃ​គ​.​ស សារមន្ទីរ​ជាតិ​ភ្នំពេញ (​ម​.​ត ២០០៤ និង ២០១០)

​ទន្ទឹមនឹងនោះ យើង​តែងតែ​ពិនិត្យ​រាល់​ស្លាកស្នាម​វប្បធម៌​បុរាណ​នៅតាម​ស្ថានីយ៍​ប្រវត្តិសាស្ត្រ​នានា ដែល​ស្ថិតក្នុង​ប្រទេស​លាវ ថៃ កម្ពុជា និង​វៀតណាម​ខាងត្បូង​បច្ចុប្បន្ន ដើម្បី​បញ្ជាក់​ភាពត្រឹមត្រូវ​នៃ​យោបល់​ខាងលើនេះ​។ តែ​ជា​អកុសល ទិន្នន័យ​ខាង​បុរាណវិទ្យា​ស្ទើរ​ទាំងអស់ គ្មាន​ទំនាក់ទំនង​ជាមួយ​ប្រវត្តិ​របស់​ព្រះអាទិទេព​រង​នេះ​ឡើង ហើយ​រហូតដល់​ឆ្នាំ ១៩៩៤ យើង​ក៏​នៅតែ​មិនទាន់​ហ៊ាន​សន្និដ្ឋានថា ទស្សនៈ​ដែល​ដិតដាម​ក្នុង​អារម្មណ៍​របស់​យើង​ត្រូវ​ទាំងស្រុង​នោះទេ​។​
​    ​គួរ​បញ្ជាក់ថា ក្នុងចំណោម​ចម្លាក់​បុរាណ ដែល​អ្នកស្រុក​នៅ​អង្គរបុរី បាន​រកឃើញ​ដោយ​ចៃដន្យ កាលពី​ខែកុម្ភៈ ១៩៩៤ យើង​បានឃើញ​មាន​ចម្លាក់​លើ​ឥដ្ឋ​មួយ​ផ្ទាំង មាន​រាង​បួន​ជ្រុង​ទ្រវែង ខ្នាត​ធំ​ពី​ឥដ្ឋ​ធម្មតា​។ បើ​យើង​ធ្វើការ​ប្រៀបធៀប​ចម្លាក់​នេះ​ទៅនឹង​ចម្លាក់​នា​សម័យ​ទំនើប ចម្លាក់​លើ​ឥដ្ឋ​ដែល​ស្ថិតក្នុង​ឥរិយាបថ​ឈរ ដៃ បួ​ច​សក់ ពិតជា​តំណាង​ព្រះ​នា​ងគ​ង្ហី​ញ​ព្រះធរណី​យ៉ាង​ប្រាកដ​។
​    ​វត្តមាន​របស់​ចម្លាក់​ខាងលើនេះ ដែល​ថ្មីៗ​នេះ (​ឆ្នាំ ២០១១) ទើបតែ​ត្រូវបាន​យកទៅ​តម្កល់​នៅ​សារមន្ទីរ​អង្គរបុរី​ផ្ទាល់ តាម​សំណូមពរ​របស់​យើង​កន្លងមក មានន័យថា ខ្មែរ​នា​សម័យ​នគរ​ភ្នំ បាន​ស្គាល់​នាង​គ​ង្ហី​ញ​ព្រះធរណី​រួចទៅហើយ​។​
​    ​ដូច្នេះ ចម្លាក់​បុរាណ​ខាងលើនេះ ដែល​យើង​សូម​ភ្ជាប់​មកនេះ គឺជា​សក្ខីភាព​នៃ​ប្រភព​បុ​រេ​អង្គរ ពោលគឺ ចំណាស់​នៃ​ព្រះអាទិទេព​បន្ទាប់បន្សំ​បែប​ពុទ្ធ​និយម​ក្នុងសង្គម​ខ្មែរ​។​
​    ​សរុបសេចក្តី​មក ដោយ​សំអាង​លើ​ចម្លាក់​ដ៏​កម្រ​ខាងលើ​នេះហើយ ដែល​យើង​បានឃើញ​កាលពី​ឆ្នាំ ១៩៩៤ ជា​លើកដំបូង​បង្អស់ (Cf. ម​.​ត្រា​ណេ​, ប្រវត្តិសាស្ត្រ​កម្ពុជា​ពី​បុរាណសម័យ​ស​.​វ​ទី ៨ ផ្ទាំង​រូប​ទី ៧០, ឆ្នាំ ១៩៩៥) ទើប​យើង​អាច​សន្និដ្ឋានបានថា ខ្មែរ​យើង​បាន​គោរពបូជា​ព្រះ​នា​ងគ​ង្ហី​ញ​ព្រះធរណី ដែលមាន​ប្រភពដើម​ចេញពី​ប្រទេស​ក្លិង្គ ឬ​ឥណ្ឌា ចាប់​តាំងពីដើម​ទស្សវត្ស​នៃ​ស​.​វ​ទី ១ ម្ល៉េះ​។ ហើយ​ទោះបី​យើង​មាន​ចម្លាក់​តែមួយគត់​ក៏ដោយ ក៏​អាច​បង្ហាញ​អតីតភាព​យ៉ាង​ប្រាកដ​៕
(​ម​.​ត្រា​ណេ​)

អត្ថបទដកស្រង់ទាំងស្រុងពី៖ cen.com.kh



Responses

0 Respones to "ប្រភព​ចម្លាក់​នា​ងគ​ង្ហី​ញ​ព្រះធរណី"

Post a Comment

 
Return to top of page Copyright © 2010 | Platinum Theme Converted into Blogger Template by HackTutors